TTMIK កម្រិតទី 1 មេរៀនទី 9
ក្នុងមេរៀននេះ អ្នកនឹងរៀនអំពីពាក្យសម្គាល់ប្រធានបទ និងពាក្យសម្គាល់ប្រធានប្រយោគក្នុងភាសាកូរ៉េ។ ភាសាភាគច្រើនពុំមានពាក្យសម្គាល់ប្រធានបទ រឺពាក្យសម្គាល់ប្រធានប្រយោគទេ ដូច្នេះវាអាចជារឿងថ្មីមួយសម្រាប់អ្នក ប៉ុន្តែនៅពេលអ្នកស៊ាំនឹងវាហើយ វានឹងមានប្រយោជន៍ណាស់ក្នុងការប្រើប្រាស់។
ពាក្យសម្គាល់ប្រធានបទ
은 [អ៊ឺន] / 는 [នឺន]
តួនាទីសំខាន់របស់ពាក្យសម្គាល់ប្រធានបទគឺ ធ្វើឲអ្នកដទៃដឹងពីអ្វីដែលអ្នកកំពុងនិយាយ រឺនឹងនិយាយ ហើយពាក្យសម្គាល់ប្រធានបទត្រូវបានភ្ជាប់ពីក្រោយនាម។
ពាក្យដែលបញ្ចប់ដោយព្យញ្ជនៈ + -은
ពាក្យដែលបញ្ចប់ដោយស្រៈ + -는
ឧទាហរណ៍៖
가방 [កាបាំង] + 은 [អ៊ឺន]
나 [ណា] + 는 [នឺន]
ប្រធានបទរបស់ប្រយោគដែលសម្គាល់ដោយ 은 [អ៊ឺន] រឺ 는 [នឺន] ជាធម្មតា (ប៉ុន្តែមិនមែនរហូតទេ) ជាប្រធានរបស់ប្រយោគដែរ។
저 [ច] = ខ្ញុំ
저 + 는 [នឺន] = 저는 [ច-នឺន] = សម្រាប់ខ្ញុំ/ខ្ញុំកំពុងនិយាយពីខ្លួនខ្ញុំ
저는 학생이에요. [ច-នឺន ហាក់ស៊ែងអ៊ីអេយ៉ូ] = សម្រាប់ខ្ញុំ ខ្ញុំជាសិស្ស។/ខ្ញុំជាសិស្ស។
ក្នុងនេះ ពាក្យថា 저 (ខ្ញុំ) ជាប្រធានបទរបស់ប្រយោគផង (វានិយាយអំពី "ខ្ញុំ") និងជាប្រធានរបស់ប្រយោគផង ("ខ្ញុំ" ជាប្រធាន ហើយ "ជា" ជាកិរិយាស័ព្ទ)។
ប៉ុន្តែចំណុចលេចធ្លោរបស់ភាសាកូរ៉េអាចនឹងឃើញក្នុងប្រយោគគម្រូខាងក្រោម។
내일은 저는 일해요. [នែអ៊ីរឺន ច-នឺន អ៊ីរេយ៉ូ]
=សម្រាប់ថ្ងៃស្អែកវិញ ខ្ញុំធ្វើការ។
ក្នុងនេះ 내일 [នែអ៊ីល] ("ថ្ងៃស្អែក") ដែលត្រូវបានបន្តដោយ 은 [អ៊ឺន] ជាប្រធានបទ មិនមែនជាប្រធានរបស់កិរិយាស័ព្ទ 일하다 [អ៊ីលហាដា] ("ធ្វើការ") ព្រោះមិនមែន "ថ្ងៃស្អែក" ទេដែលធ្វើការ តែ "ខ្ញុំ" ទេដែលធ្វើការ។
ពាក្យសម្គាល់ប្រធានប្រយោគ
이 [អ៊ី] / 가 [កា]
តួនាទីរបស់ពាក្យសម្គាល់ប្រធានប្រយោគងាយយល់ជាងបន្តិច បើធៀបនឹងតួនាទីរបស់ពាក្យសម្គាល់ប្រធានបទ។
ពាក្យដែលបញ្ចប់ដោយព្យញ្ជនៈ + -이
ពាក្យដែលបញ្ចប់ដោយស្រៈ + -가
ឧទាហរណ៍៖
가방 [កាបាំង] + 이 [អ៊ី]
학교 [ហាក់ក្យូ] + 가 [កា]
ដូច្នេះហើយ និយាយឲចំទៅ ពាក្យសម្គាល់ប្រធានបទ (은/는) បង្ហាញថា ប្រធានបទ របស់ប្រយោគជាអ្វី ហើយ ពាក្យសម្គាល់ប្រធានប្រយោគ (이/가) បង្ហាញថា ប្រធានរបស់ប្រយោគ ជាអ្វី ប៉ុន្តែវាមិនទាន់ចប់ត្រឹមនេះទេ។
តើមានអ្វីទៀតអំពីពាក្យ 은/는/이/가?
(1)
លើសពីគ្រាន់តែសម្រាប់សម្គាល់ប្រធានបទ 은 [អ៊ឺន] / 는 [នឺន] មានន័យបង្កប់ថា "អំពី" អ្វីមួយ, "សម្រាប់" អ្វីមួយ រឺក៏ "ខុសពីអ្វីផ្សេងទៀត"។
(2)
លើសពីគ្រាន់តែសម្រាប់សម្គាល់ប្រធានប្រយោគ 이 [អ៊ី] / 가 [កា] មានន័យបង្កប់ថា "គ្មានអ្វីក្រៅពី", "មានតែ", ហើយពេលប្រើក្នុងប្រយោគស្មុគស្មាញ អាចសម្គាល់ប្រធានរបស់ប្រយោគ ដោយមិនសង្កត់ន័យខ្លាំងពេក។
យើងនឹងមើលឧទាហរណ៍ខ្លះអំពីការប្រើប្រាស់ទី (1)។
이거 [អ៊ី-ក] = នេះ / 사과 [សាក្វា] = ផ្លែប៉ោម / 예요 [យេយ៉ូ] = (គឺ)ជា
이거 사과예요. [អ៊ី-ក សាក្វាយេយ៉ូ] = នេះជាផ្លែប៉ោម។
អ្នកអាចបន្ថែម 은/는 ហើយក្នុងករណីនេះ 이거 បញ្ចប់ដោយស្រៈ ដូច្នេះអ្នកត្រូវបន្ថែម -는។
이거는 사과예요. [អ៊ី-ក-នឺន សាក្វាយេយ៉ូ]
= (របស់ផ្សេងទៀតមិនមែនជាផ្លែប៉ោមទេ ប៉ុន្តែ) នេះជាផ្លែប៉ោម។
អ្នកអាចស្រមៃថានរណាម្នាក់និយាយដូចនេះ៖
이거 커피예요. [អ៊ី-ក ខភីយេយ៉ូ] (= នេះជាកាហ្វេ។)
이거는 물이에요. [អ៊ី-ក-នឺន មូរីអេយ៉ូ] (= នោះជាកាហ្វេ, ប៉ុន្តែមួយនេះជាទឹក។)
이거는 오렌지주스예요. [អ៊ី-ក-នឺន អូរិនជីជូស៊ឺយេយ៉ូ] (= ហើយមួយនេះវិញ វាជាទឹកក្រូចច្របាច់។)
이거는 뭐예요? [អ៊ី-ក-នឺន ម៉យេយ៉ូ?] (= ចុះមួយនេះវិញជាអ្វីទៅ?)
ដូចដែលអ្នកបានឃើញក្នុងឧទាហរណ៍ខាងលើ 은/는 មាននាទីសង្កត់ន័យលើប្រធានបទរបស់ប្រយោគ ដោយបង្កប់ន័យថា "មួយនោះជា ... ហើយ/តែមួយនេះជា ...)។ ដូច្នេះ វាស្តាប់ទៅមិនពីរោះពេលអ្នកប្រើ 은/는 ក្នុងគ្រប់ប្រយោគដែលអ្នកនិយាយ។
ដូច្នេះហើយ ក្នុងភាសាកូរ៉េ ទោះបីជា 은 និង 는 ជាទូទៅជាពាក្យសម្គាល់ប្រធានបទក៏ដោយ ជារឿយៗគេទុក 은/는 សម្រាប់តែពេលដែលគេចង់សង្កត់ន័យលើប្រធានបទ ដែលខុសពីផ្នែកផ្សេងទៀតនៃប្រយោគ។
ជាឧទាហរណ៍មួយ នៅពេលអ្នកចង់និយាយថា "អាកាសធាតុល្អថ្ងៃនេះ។" ជាភាសាកូរ៉េ អ្នកអាចនិយាយវាបានតាមវិធីច្រើនយ៉ាង។ (សូមកុំបារម្ភអំពីប្រយោគទាំងមូល។ អ្នកគ្រាន់តែសង្កេតមើលការប្រើប្រាស់របស់ 은/는 ក៏បានដែរ។)
១) 오늘 날씨 좋네요. [អូនឺល ណាលស៊ី ចូណេយ៉ូ] = អាកាសធាតុល្អថ្ងៃនេះ។
២) 오늘은 날씨 좋네요. [អូនឺរឺន ណាលស៊ី ចូណេយ៉ូ] = ប៉ុន្មានថ្ងៃនេះអាកាសធាតុមិនសូវល្អទេ ប៉ុន្តែល្អថ្ងៃនេះ។)
៣) 오늘 날씨는 좋네요. [អូនឺល ណាលស៊ីនឺន ចូណេយ៉ូ] = រឿងអ្វីផ្សេងមិនសំខាន់ទេ ប៉ុន្តែថ្ងៃនេះអាកាសធាតុល្អ។
ពាក្យសម្គាល់ប្រធានបទ (은/는) អាចមានប្រយោជន៍ក្នុងការបន្ថែមន័យបង្កប់ទៅក្នុងប្រយោគភាសាកូរ៉េរបស់អ្នកបែបនេះ។
យើងនឹងមើលទៅឧទាហរណ៍ខ្លះៗអំពីការប្រើប្រាស់ទី (2)។
좋아요. [ចូអាយ៉ូ] = វាល្អ។ / 뭐 [ម៉] = អ្វី / 아/가 [អ៊ី/កា] = ពាក្យសម្គាល់ប្រធានប្រយោគ
ស្រមើស្រមៃថាមនុស្សម្នាក់និយាយថា "좋아요. [ចូអាយ៉ូ]" ហើយវាមានន័យថា "វាល្អ" រឺ "ខ្ញុំចូលចិត្តវា"។
ប៉ុន្តែបើអ្នកមិនច្បាស់ថាអ្វីទៅដែលល្អ អ្នកអាចសួរថា "តើអ្វីទៅដែលល្អនោះ?" រឺ "តើអ្នកកំពុងនិយាយអំពីអ្វី?"។
ដើម្បីបង្ហាញការចង់ដឹងរបស់អ្នកថា "អ្វីទៅ" ល្អ អ្នកអាចសួរថា៖
뭐가 좋아요?
ក្នុងនេះ ពាក្យ 가 [កា] បញ្ជាក់ថាប្រធានរបស់កិរិយាស័ព្ទ "ជា / 좋아요" ជាអ្វី។
ប្រសិនបើគេនិយាយថា៖
ABC 좋아요. [ABC ចូអាយ៉ូ] = ABC ល្អ។
ហើយបើអ្នកមិនឯកភាព ហើយអ្នកគិតថា XYZ ល្អវិញ មិនមែន ABC ទេ អ្នកអាចបង្ហាញយោបល់របស់អ្នកថា៖
ABC 좋아요? XYZ가 좋아요! [ABC ចូអាយ៉ូ? XYZកា ចូអាយ៉ូ!]
ដូច្នេះហើយ ដោយប្រើប្រាស់ 이 និង 가 អ្នកអាចបន្ថែមន័យច្បាស់លាស់ទៅកាន់ប្រយោគភាសាកូរ៉េរបស់អ្នក នៅពេលអ្នកចង់បញ្ជាក់ឲច្បាស់ថានរណាធ្វើអ្វីមួយ, មួយណាដែលល្អ ៘
តើអស់ត្រឹមនេះហើយមែនទេ?
ជិតនឹងចប់ហើយ។
ដូចដែលអ្នកបានឃើញខាងលើ 은/는 និង 이/가 មាននាទីខុសគ្នា ប៉ុន្តែនាទីរបស់ 은/는 សម្រាប់បង្ហាញភាពខុសគ្នាខ្លាំងជាងណាស់ ព្រោះអ្នកអាចប្តូរប្រធានបទរបស់ប្រយោគបានដោយប្រើប្រាស់ 은/는។ ដូច្នេះនៅពេលអ្នកបង្កើតប្រយោគស្មុគស្មាញ (ឧ៖ ខ្ញុំគិតថាសៀវភៅដែលអ្នកបានទិញគួរឲចាប់អារម្មណ៍ជាងសៀវភៅដែលខ្ញុំបានទិញ។) ជាទូទៅ 은/는 មិនសូវត្រូវបានប្រើញឹកញាប់ពាសពេញប្រយោគនោះទេ។ ជារឿយៗ 은/는/이/가 អាចនឹងលុបចេញបាន ប៉ុន្តែនៅពេលអ្នកចង់បញ្ចាក់ន័យឲច្បាស់ 이/가 នឹងត្រូវបានប្រើញឹកញាប់ជាង។
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។