TTMIK កម្រិតទី 2 មេរៀនទី 2

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងសិក្សាពីពាក្យសម្គាល់កម្មបទ។ ដូចដែលយើងបាននិយាយប៉ុន្មានដងក្នុងមេរៀនរបស់យើងមកហើយ ក្នុងភាសាកូរ៉េមានពាក្យសម្គាល់ខាងចុងជាច្រើនប្រភេទ ហើយពួកវាទាំងនេះ(ពាក្យសម្គាល់ប្រធានប្រយោគ ប្រធានបទ ទីតាំង ៘) ធ្វើឲងាយស្រួលយល់ប្រយោគភាសាកូរ៉េ ទោះបីជាលំដាប់ពាក្យត្រូវបានប្តូរក៏ដោយ។

ប៉ុន្តែជារឿយៗ នៅពេលដែលន័យរបស់ប្រយោគមួយនៅតែច្បាស់ដោយមិនប្រើពាក្យសម្គាល់ណាមួយ អ្នកនិយាយភាសាកូរ៉េចូលចិត្តមិននិយាយវា។ ដូចច្បាប់ជាច្រើនទៀតក្នុងការនិយាយភាសាកូរ៉េដែរ វាសម្រាប់ងាយស្រួលនិយាយ និងធ្វើឲប្រយោគខ្លីជាងមុនផងដែរ។

មកដល់ពេលនេះ យើងបានរៀនពីកិរិយាស័ព្ទជាច្រើន។ កិរិយាស័ព្ទអាចត្រូវបានបែងចែកជាកិរិយាស័ព្ទសកម្ម (កិរិយាស័ព្ទដែលត្រូវការកម្មបទ) និងកិរិយាស័ព្ទអកម្ម (កិរិយាស័ព្ទដែលមិនត្រូវការកម្មបទ) ហើយក្នុងភាសាអង់គ្លេស ភាពខុសគ្នានេះបង្ហាញមកយ៉ាងច្បាស់ ព្រោះថាទោះបីជានាមមួយត្រូវបានសំដៅទៅច្រើនដងក៏ដោយ (ឧ៖ "Did you find your wallet? / Yes, I found it.") អ្នកមិនអាចបំបាត់ផ្នែកដែលសំដៅលើ the wallet ទេ អ្នកត្រូវតែទុកវាដដែលដោយនិយាយថា it ជំនួសឲ the wallet ។

ប៉ុន្តែក្នុងភាសាកូរ៉េវិញ ដោយសារការសន្ទនាខ្លីដូចខាងលើអាចធ្វើឡើងដូចនេះ "지갑 찾았어요?" (ន័យត្រង់៖ កាបូបលុយបានរកឃើញទេ?) / "네. 찾았어요." (ន័យត្រង់៖ បាទ/ចា៎, បានរកឃើញ។) ភាពខុសគ្នារវាងកិរិយាស័ព្ទសកម្ម និងអកម្មមិនបង្ហាញយ៉ាងច្បាស់ដូចភាសាអង់គ្លេស និងភាសាជាច្រើនទៀតទេ។

ហើយនេះជាកន្លែងដែលពាក្យសម្គាល់កម្មបទមានតួនាទី។

ពាក្យសម្គាល់កម្មបទ៖

[អ៊ឺល] - ប្រើពីក្រោយនាមដែលបញ្ចប់ដោយព្យញ្ជនៈ
[រ៊ឺល] - ប្រើពីក្រោយនាមដែលបញ្ចប់ដោយស្រៈ

តើពាក្យសម្គាល់កម្មបទធ្វើអ្វីទៅ?

ក្នុងភាសាខ្មែរ បើអ្នកសរសេរថា "ផ្លែប៉ោមមួយ" ហើយមិនសរសេរកិរិយាស័ព្ទដែលទៅជាមួយវា អ្នកមិនអាចដឹងវាមាននាទីអ្វីក្នុងប្រយោគទេ។

ប៉ុន្តែក្នុងភាសាកូរ៉េ ទោះបីជាអ្នកមិននិយាយរឺសរសេរកិរិយាស័ព្ទក៏ដោយ អ្នកអាចបង្ហាញពីនាទីរបស់នាម រឺសព្វនាមតាំងពីមុនអ្នកនិយាយកិរិយាស័ព្ទ ដោយគ្រាន់តែបន្ថែមពាក្យសម្គាល់ខាងចុងត្រឹមត្រូវ។

"ផ្លែប៉ោមមួយ" - ជាភាសាខ្មែរ វាគ្មាននាទីច្បាស់លាស់ទេ។

"사과" - ជាភាសាកូរ៉េ ក៏គ្មាននាទីច្បាស់លាស់ដែរ។

"사과를" - ទោះបីជាអ្នកមិននិយាយកិរិយាស័ព្ទក៏ដោយ អ្នកដឹងថា 사과 នឹងធ្វើជាកម្មបទរបស់កិរិយាស័ព្ទ។

ដូច្នេះអ្នកអាចស្មានកិរិយាស័ព្ទបានមួយចំនួន - "ញ៉ាំផ្លែប៉ោម, ទិញផ្លែប៉ោម, លក់ផ្លែប៉ោម, រកផ្លែប៉ោម, គប់ផ្លែប៉ោម, គូសផ្លែប៉ោម ៘)"។

"사과가"- អ្នកដឹងថា នឹងធ្វើជាប្រធានរបស់កិរិយាស័ព្ទ។

ក្នុងនេះ អ្នកក៏អាចស្មានកិរិយាស័ព្ទបានដែរ - "ផ្លែប៉ោមល្អ, អាក្រក់, ថ្លៃ, នឹងធំ, តូច, អាចនឹងល្អសម្រាប់សុខភាព ៘"។

"사과는" - អ្នកដឹងថាអ្នកនិយាយនឹងនិយាយអ្វីមួយអំពី 사과 ធៀបនឹងអ្វីផ្សេងទៀត រឺលើកប្រធានបទ 사과 ជាលើកដំបូង។

វិធីបំបាត់ពាក្យសម្គាល់កម្មបទ

វាពិតជាមិនទំនងទេ បើអ្នកចង់បកប្រែ "តើអ្នកបានធ្វើអ្វីម្សិលមិញ?" ដោយត្រង់ ដោយប្រើធាតុទាំងអស់ជាភាសាកូរ៉េ។

= "어제 <ឈ្មោះរបស់ម្នាក់ទៀត> 씨는 뭐를 했어요?"

ដូចនេះ ដរាបណាអ្នកកំពុងនិយាយពីមនុស្សទីបី អ្នកមិនចាំបាច់និយាយឈ្មោះរបស់ម្នាក់ទៀតទេ ដូចនេះវាក្លាយជា

= "어제 뭐를 했어요?"

ហើយដោយសារវាច្បាស់ហើយថា "뭐" (= អ្វី) មិនមែនជាប្រធានប្រយោគ (ជាមនុស្សដែលធ្វើអ្វី មិនមែនផ្ទុយពីនេះទេ) អ្នកអាចបំបាត់ 를 បាន។

= "어제 뭐 했어요?"

ពេលណាទើបអ្នកត្រូវប្រើពាក្យសម្គាល់កម្មបទទៅ?

អ្នកត្រូវប្រើវាពេលអ្នកចង់បញ្ជាក់ឲច្បាស់ពីទំនាក់់ទំនងរវាងកម្មបទនិងកិរិយាស័ព្ទ។ វាងាយស្រួលទេពេលកម្មបទនិងកិរិយាស័ព្ទនៅជិតគ្នា អ្នកអាចដាក់ក៏បាន រឺអត់ក៏បាន វាគ្មានភាពខុសគ្នាធំដុំអ្វីទេ។ ប៉ុន្តែពេលពាក្យកម្មបទនៅឆ្ងាយពីកិរិយាស័ព្ទ ទំនាក់ទំនងរវាងពាក្យទាំងនេះមិនច្បាស់ទេ ដូច្នេះអ្នកត្រូវប្រើពាក្យសម្គាល់នានា ដើម្បីឲមានន័យច្បាស់។

텔레비전 봐요. = ខ្ញុំមើលទូរទស្សន៍។ ↓ 텔레비전 봐요? = តើអ្នកមើលទូរទស្សន៍ទេ? ↓ 텔레비전 자주 봐요? = តើអ្នកមើលទូរទស្សន៍ញឹកញាប់ទេ? ↓ 텔레비전(을) 일주일에 몇 번 봐요? = តើអ្នកមើលទូរទស្សន៍ប៉ុន្មានដងក្នុងមួយសប្តាហ៍?

ពេលកម្មបទរបស់ប្រយោគ (텔레비전) ឃ្លាតកាន់តែឆ្ងាយពីកិរិយាស័ព្ទ (봐요) ទៅ អ្នកត្រូវបញ្ជាក់ទំនាក់ទំនងរបស់ពាក្យទាំងពីរដោយប្រើពាក្យសម្គាល់កម្មបទ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com